ក្រសួងបរិស្ថានកាលពីថ្ងៃម្សិលមិញបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា សត្វកម្រដែលត្រូវថតជាប់ទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើម, ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។
ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។
ជាមួយនឹងដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្រសួងបរិស្ថាន ក៏បានធ្វើការអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕