បច្ចេកវិទ្យា

សមត្ថកិច្ច​ស្នើ​ឲ្យ​​ប្រុងប្រយ័ត្នចំពោះល្បិចបោក​ប្រាស់តាមរយៈកម្មវិធី មូលនិធិសុខុមាលភាពកូកា-កូឡា​

នាយកដ្ឋានព័តត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ខ្លួន​បានសង្កេតឃើញនូវសារចែករំលែកបន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កម្មវិធីខាងលើគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖

– ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ

– ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់

– ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។

លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖

– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)

– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

ក្រសួង​មហាផ្ទៃ​អំពាវនាវ​ដល់​ពលរដ្ឋ​សូមបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ខាងលើ។

ប្រភព​ :​នាយកដ្ឋានព័ត៌មានវិទ្យាក្រសួង​មហាផ្ទៃ