ក្រោយពីមិនមានការថមថយការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ទីបំផុតទៅរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលម្តងទៀត ដោយហាមឃាត់មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ព្រមទាំងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី៣ មិថុនា នេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
មុខរបរដែលត្រូវផ្អាកនេះរួមមាន សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និងឯកជន, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ, រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា ខ្លួននឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង។
ដោយឡែកសម្រាប់ការជួបជុំមនុស្សជាលក្ខណៈឯកជនវិញ ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាលនេះ គឺត្រូវផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬប្រមូលផ្តុំមនុស្ស ដោយមិនឲ្យលើសពី ១៥នាក់ឡើយ ដោយលើកលែងការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា៕