សង្គម

ក្រសួងប្រាប់​ឲ្យ​ប្រជានេសាទ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រប្រុងប្រយ័ត្ន ចំពោះខ្យល់ខ្លាំង និង​រលកខ្ពស់ៗ

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា នៅក្នុងសប្តាហ៍​នេះ ប្រទេសកម្ពុជា​នឹង​ទទួលរងនូវ​ឥទ្ធិពលនៃខ្យល់មូសុងនិរតី ដោយ​ក្នុងនោះ ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ ហើយពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គរទៅខ្លាំង។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នានា​អាច​មាន​ភ្លៀងពីខ្សោយ​ទៅបង្គួរ តែតំបន់មាត់សមុទ្រ​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពីបង្គួរ​ទៅច្រើន ហើយនៅលើ​ផ្ទៃ​សមុទ្រ​អាច​មាន​ភ្លៀងខ្យល់បក់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ។

ក្នុងនោះ​ក្រសួងបានស្នើ​ដល់បងប្អូន​ប្រជានេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ​ ខ្យល់ខ្លាំង ខ្យល់កន្រ្តាក់ និង​រលកសមុទ្រ​ខ្ពស់៕