សង្គម

ចាប់ម៉ូតូដឹកឈើ៣គ្រឿង​ លួច​ដឹកឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា បម្រុង​យកទៅលក់នៅប្រទេសវៀតណាម

ម៉ូតូបីគ្រឿងដឹកឈើខុសច្បាប់ត្រូវកម្លាំងសមត្ថិច្ចប៉ុស្តិ៍រដ្ឋបាលសហការជាមួយកងរាជអាវុធហត្ថស្នាក់ការ៧៦១ស្ទាក់ចាប់រឹបអូសយកកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្រែអំពឹលឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចថា ក្រុមម៉ូតូនោះតែងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីឆ្លងកាត់ឃុំស្រែព្រះ បន្តទៅភូមិស្រែអំពិលចូលភូមិឆ្នែងក្នុងឃុំស្រែខ្ទុមហើយឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម។

ពួកក្រុមរកស៊ីដឹកឈើតាមម៉ូតូនោះតែងតែលួចដឹកជញ្ជូនឆក់ឱកាសញឹកញាប់លួចលាក់ពីសមត្ថកិច្ច តែទោះបីយ៉ាងណាក៏គេចមិនផុតពីការបង្ក្រាបឡើយ។

ក្រោយពីបង្ក្រាបបានវត្ថុតាងម៉ូតូ៣គ្រឿងឈើសុក្រំឡាំងបួនជ្រុង៦ដុំប្រវែង៣ម៉ែត្រ ត្រូវ​បាន​ប្រគល់ឲ្យ​ជំនាញរដ្ឋបាលព្រៃឈើសង្កាត់ចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕