កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនថៅកែផ្គត់ផ្គង់ទិញលក់ត្រីធូណា និងត្រីសាលម៉ុន បឹងសាឡាង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធករណីឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមរូបភាពចេញមូលប្បទាប័ត(សែកស្អុយ)អត់សាច់ប្រាក់ជិត៣០ម៉ឺនដុល្លារអាមេរិក ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុន សុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាថៅកែផ្គត់ផ្គត់ទិញលក់ត្រីធូណា និងត្រីសាលម៉ុន ដែលមានអាស័យដ្ឋាន ផ្ទះលេខ៥៩AZ ផ្លូវលេខ២៤៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
របាយការណ៍ដដែល បន្តថា ចំពោះការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺយោងតាមដីកាបង្គប់ឲ្យចាប់ខ្លួនរបស់លោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ រួចមន្ត្រីជំនាញ បានក៏សាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយលើបំណុលរបស់ជនរងគ្រោះ ។
ដើមចម នៃការឃាត់ខ្លួនជនសង្ស័យ គឺផ្តើមឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាម្ចាស់ប្រាក់ បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ ២នាក់ប្តីប្រពន្ធឈ្មោះ អ៊ុន សុង និងឈ្មោះ ភឿន ចាន់ថន ដែល មានគំនិតទុច្ចរិត ឃុបឃិតគ្នា ឆបោកប្រាក់ប្រមាណ ២៨៨.៩៧០ដុល្លារអាមេរិក។ យោងតាមពាក្យបណ្តឹងបញ្ជាក់ថា កាលពីកាលពីអំឡុងថ្ងៃខែ(មិនចាំ) ឈ្មោះ អ៊ុន សុង នឹងប្រពន្ធឈ្មោះ ភឿន ចាន់ថន បានខ្ចីប្រាក់ពីជនរងគ្រោះ ជាបន្តបន្ទាប់ប្រមាណ ៦៥៩,១០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ នឹងប្រកបមុខជំនួញផ្ទាល់ខ្លួន ។ ក្រោយមកប្តីប្រពន្ធពីរនាក់នោះ បានសងប្រាក់ទៅដើមបណ្តឹងជាបណ្តើរៗ វិញ នៅសល់តែ ២៨៨,៩៧០ ដុល្លារប៉ុណ្ណោះទេ ដោយគូភាគីបានព្រមព្រៀងគ្នា នឹងធ្វើកិច្ចសន្យាថ្មីមួយទៀត ទទួលស្គាល់បំណុល និងយល់ព្រមសងប្រាក់ដែលបានកំណត់ចុងក្រោយនេះ និងដើម្បីឲ្យមានការធានាទូទាត់លើប្រាក់កម្ចីនោះ គូភាគីពីរនាក់ប្តីប្រពន្ធ បានចេញមូលប្បទានប័ត ចំនួន៣សន្លឹក ឲ្យទៅដើមបណ្តឹងជាការជឿទុកចិត្ត ។
របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា លុះដល់ថ្ងៃកំណត់ ត្រូវដើមបណ្តឹងទៅបើកប្រាក់ ស្រាប់តែខាងធនាគារឆ្លើយថា មូលប្បទានប័តទាំង៣សន្លឹក អត់មានសាច់ប្រាក់ទេ មិនតែប៉ុណ្ណោះ កុងរបស់ឈ្មោះ អ៊ុន សុង និងឈ្មោះ ភឿន ចាន់ថន ត្រូវបានបិទទៀត (ពោលគឺសែកស្អុយ) ។ បន្ទាប់ពីធនាគារឆ្លើយដូច្នេះ ជនរងគ្រោះបានរកការទាក់ទងទៅជនសង្ស័យឈ្មោះ អ៊ុន សុង និងប្រពន្ធ ដើម្បីឲ្យមកទូទាត់ប្រាក់បំណុលនោះ តែជនសង្ស័យបានបិទទូរស័ព្ទមិនអាចទាក់ទងបាន ថែមទាំងគេចវេសទៀតផង ទើបជនរងគ្រោះសម្រេចចិត្តរកផ្លូវច្បាប់មកដោះស្រាយតែម្ដង៕