សង្គម

ករណីជម្លោះចាប់វាយខ្នោះមន្រ្តីគយខេត្តកោះកុង ដោយ​​មេប៉េអឹមខេត្តព្រះសីហនុ, អ្នកនាំពាក្យ​បដិសេធថា មិន​មែនជាករណីចង់បានប្រាក់ទេ

បន្ទាប់ពីមានការផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​ព័ត៌មានពីករណីមេប៉េអឹមខេត្តព្រះសីហនុ បាន​ឃាត់ខ្លួន​មន្រ្តីគយខេត្តកោះកុង និង​អ្នក​បើកបរ​យក​ទៅ​សួរ​នាំ ហើយថា មានការ​យកប្រាក់រាប់ពាន់ដុល្លារថែមទៀតនោះ, នៅថ្ងៃនេះ អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ បានចេញលិខិត​ដោយ​បដិសេធពីករណីយកប្រាក់នេះ។

អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល២រូប មកអង្គភាព ដើម្បីស្តាប់ចម្លើយតាមនីតិវិធី៖ ១-ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២-ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះមកអង្គភាព ដើម្បីធ្វើការស្តាប់ចម្លើយ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបអង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូប មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូប វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ សូមបដិសេធចំពោះការចោទប្រកាន់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សិទ្ធិ កូសាំងស៊ីន ដែលជា​មន្រ្តីគយ​ខេត្ត​កោះកុង បាន​ធ្វើសន្និសីទសារព័ត៌មាន ដោយ​ចោទប្រកាន់មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុថា​បានប្រើ​ប្រាស់​កម្លាំង​ចាប់វាយខ្នោះលោកយកទៅសួរចម្លើយ​អស់​ប្រមាណ៣ម៉ោង គ្រាន់តែលោកបានពាក់ម៉ាស់ហើយ​បើក​ឡានពីក្រោយ​ក្បួន​រថយន្តរបស់​លោកមេប៉េអឹមខេត្តព្រះសីហនុ។

លោក កូសាំងស៊ីន ថា ទោះជាលោកបានបង្ហាញលិខិត​បេសកកម្មដែលបញ្ជាក់ថាលោកជាមន្រ្តីគយក៏ដោយ ប៉ុន្តែមន្រ្តីកង​រាជអាវុធហត្ថ​នៅតែចាប់លោកវាយខ្នោះ និង​នាំយកទៅសួរចម្លើយអស់៣ម៉ោង ហើយ​ក្រោយ​មក​ទើបដៃគូរកស៊ីជាមួយលោកបានទូរស័ព្ទប្រាប់ថា គេបានដកលុយមួយចំនួនរត់ការដើម្បី​ឲ្យ​លោក​បាននៅក្រៅឃុំ៕