សង្គម

សម្តេច​តេជោ​ប្រកាស​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2 និង $5 នៅតែ​ចាយ​បាន​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា​

ដើម្បីកុំឲ្យ​មានការ​យល់​ច្រឡំ នៅ​រសៀល​ថ្ងៃទី២៩ ខែឧសភា នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​ធ្វើការ​ប្រកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស លើ​ការប្រកាស​របស់​ធនាគារជាតិនៃកម្ពុជា កាលពី​រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2, និង $5 គឺ​នៅតែ​ចាយ​បាន​ធម្មតា​នៅ​លើ​ទីផ្សារ​ទូទាំង​ប្រទេស គឺ​មិន​មានការ​ហាមប្រាម​មិន​ឲ្យ​ចាយ​ដូច​ពាក្យ​ចចាម​អារាម​នោះ​ទេ។

សម្តេច​បញ្ជាក់​ថា ក្នុងករណី​ប្រសិនបើ​មានការ​បញ្ឈប់​ឲ្យ​ចរាចរណ៍​ចាយ​លុយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​ខាងលើ​នេះ គឺ​ប្រាកដជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិនៃកម្ពុជា​មិនខាន។ «សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ ($1,$2,$5) ដោយសេរី​ដោយ​គ្មាន​ការ​កាត់ទឹក ឬកាត់​ផុក​អ្វី​ទាំងអស់»៕