សង្គម

ពន្ធនាគារ​កំពុងខ្វះខាតសម្ភារៈបង្ការការចម្លងមេរោគ ខណៈផ្ទុះការឆ្លងកូវីដ១៩​ក្នុងពន្ធនាគារ

យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី-ខេត្ដ​នាពេល​កន្លង​មក​នេះ​ជំងឺ​កូវីដ​ ១៩ ​កំពុង​ឆ្លង​រីករាលដាល​ចូល​ពន្ធនាគារ​មួយចំនួន​ក្នុងនោះ​មាន​ពន្ធនាគារ​មណ្ឌល​អប់រំ​ទី​ ១ ឬ​ព្រៃស ពន្ធនាគារ​ខេត្ដ​កណ្ដាល ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ ដែល​មាន​ជន​ជាប់ឃុំ​សរុប​ជិត​​ ២០០ ​នាក់​មាន​វិជ្ជមាន។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានថ្លែងថា ពេលនេះ មន្ដ្រី​នៃ​អគ្គនាយកដ្ឋា​ពន្ធនាគារ​កំពុង​សម្រុក​ចុះ​ទៅ​តាម​ពន្ធនាគារ​គោលដៅ ដើម្បី​ត្រួតពិនិត្យ និង​ដាក់​វិធានការ​ទប់ស្កាត់ បង្ការ កុំឱ្យ​មាន​ការបន្ត​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ចូលក្នុង​ពន្ធនាគារ ប៉ុន្តែ​នៅ​ខ្វះខាត​សម្ភារ​សម្រាប់​បង្ការ​ការចម្លង​មេរោគ​។

យ៉ាងណាក៏ដោយចំពោះមុខនាពេលនេះ ជា​គោលការណ៍​ណែនាំ​ថ្មី គឺ​យើង​បន្ថែម​ការធ្វើ​ចត្ដាឡីស័ក​ចំពោះ​ជនជាប់ឃុំ​ដែល​ចូល​ថ្មី និង​ជនដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ចាប់ពី ១៤ ​ថ្ងៃ​ទៅ​ ២០ ​ថ្ងៃ និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​។ កាលពី​មុនមក​ចំពោះ​ជន​ជាប់ឃុំ​ដែល​ចូល​ថ្មី​គឺ​យើង​គ្រាន់តែ​ធ្វើការ​ពិនិត្យ​សំណាក​ប៉ុណ្ណោះ​។ ប៉ុន្ដែ​គោលការណ៍​ថ្មី​នេះ​គឺ​ត្រូវ​ពិនិត្យ​សំណាក​ជន​ជាប់ឃុំ​ដែល​ចូល​ថ្មី​ចំនួន​ ៣ ​ដង​។