សង្គម

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ផ្លូវការ ពីហេតុការណ៍កម្មករ​រោងចក្រសម្រុករត់ចេញពេលមន្រ្តីចុះទៅយកសំណាកកាលពីល្ងាចមិញ

ករណីកម្មករ​រាប់រយនាក់​នាំគ្នា​សម្រុក​ចេញ​ពី​រោងចក្រ​នៅ​តំបន់សេដ្ឋកិច្ច​ពិសេសតាយសេង១ ស្ថិត​ក្នុង​ក្រុង​បាវិត កាលពីល្ងាចថ្ងៃទី២៦ ឧសភា ម្សិលមិញ ឥឡូវនេះ​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ចេញលិខិត​បញ្ជាក់ពីព្រឹត្តិការណ៍នោះហើយ។

រដ្ឋបាល​ខេត្ត​ស្វាយរៀងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា មានកម្មករម្នាក់​ធ្វើការ​នៅរោងចក្រ​តម្លើង​កង់ អេ អេន ជេ ក្នុង​តំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ក្នុងក្រុងបាវិត បានស្ម័គ្រចិត្ត​ទៅយកវត្ថុវិភាគ​សំណាក​នៅ​ប៉ុស្តិ៍យកសំណាកក្រុងបាវិត ហើយ​លទ្ធផល​ឃើញថា វិជ្ជមានកូវីដ១៩។

បន្ទាប់មក​ក្រុមការងារស្រាវជ្រាវ បានចុះ​ទៅយកវត្ថុសំណាកអ្នក​ប៉ះពាល់ផ្ទាល់​ចំនួន៩នាក់ ហើយ​លទ្ធផល​វិជ្ជមានកូវីដ​១៩ចំនួន៣នាក់​នៅ​ក្នុ្ងងរោងចក្រនោះ។ ដូច្នេះក្រុមការងារក៏បន្ត​យកសំណាកអ្នក​ប៉ះពាល់​នៅក្នុងអគារចំនួន ១៤៥នាក់ ជាលទ្ធផល​រកឃើញ​មនុស្ស​ចំនួន ៥៤នាក់វិជ្ជមាន។

បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវអ្នក​ប៉ះពាល់ផ្ទាល់ និង​ប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយ​មានការ​ភិតភ័យ និង​ស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃ​ទៀត ក៏​បាននាំគ្នា​ចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគ​សំណាករកមេរោគកូវីដ១៩ និង​ផលប៉ះពាល់នៃការឆ្លងក៏ដោយ ដោយ​បងប្អូនជឿតាមការញុះញង់ និង​ការ​បំផុស​បំផុល ក៏​នាំគ្នា​ធ្វើដំណើរ​ចេញពីរោងចក្រ​តែម្តង៕