ធាតុរបស់យុវតី ភិន សុដាលីន អាយុ១៧ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ក្រោយពីបាត់ដំណឹងអស់ប្រមាណ១ខែនោះ ឥឡូវត្រូវបានឪពុកម្តាយរបស់នាងរកឃើញហើយ និងបាននាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
សូមបញ្ជាក់ថា យុវតីដែលបានស្លាប់ ដោយសារជំងឺកូវីដខាងលើ ឈ្មោះ ភិន ស្រីណូ ហៅ សុដាលីន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ ភិន ទិត អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើតភូមិម្លង់សាទ្បី ឃុំកំពង់ម៉ា ស្រុកកំពង់ម៉ា ខេត្តព្រៃវែង និងម្ដាយឈ្មោះ ខេប គីមស៊ាន អាយុ ៤២ ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើតនៅភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នអ្នកទាំងបី ស្នាក់នៅភូមិលំជ័រ ឃុំកាតែ ស្រុកអូរយ៉ាដាវ ខេត្តរតន:គីរី។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ យុវតីខាងលើ ត្រូវបានឪពុកម្ដាយ បញ្ជូនពីខេត្តរតនគិរីមកមន្ទីរពេទ្យព្រះកេតុមាលា ក្រុងភ្នំពេញ ដើម្បីសម្រាកព្យាបាលជំងឺ ក្នុងសភាពធ្ងន់ធ្ងរសង្គ្រោះបន្ទាន់ អស់រយ:ពេល ១ខែ ដោយនាងមានជំងឺដូចជា រលាកស្រោមខួរក្បាល តម្រង់នោម និងទឹកនោមផ្អែម ប៉ុន្តែនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កូនរបស់គាត់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដោយបានឆ្លងពីអ្នកជំងឺ ដែលបានមកសម្រាលព្យាបាល នៅក្នុងមន្ទីរពេទ្យជាមួយគ្នា។ បន្ទាប់មកក៏ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលា ខណ:ដែលឪពុកម្ដាយរបស់យុវតី ត្រូវបានបញ្ជូនទៅធ្វើចតាទ្បីស័ក នៅមណ្ឌលសុខភាពព្រែកព្នៅ ។
ចាប់តាំងពីពេលនោះមក ឪពុកម្តាយយុវតីរូបនេះបានបាត់ដំណឹងកូនស្រី មិនដឹងសុខទុក្ខយ៉ាងណានោះ ទើបបន្ទាប់ពីពួកគាត់ បានចេញពីធ្វើចតាទ្បីស័ក ក៏នាំគ្នាស្វែងកូនស្រី តាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ ព្រមទាំងបានប្រកាសស្វែងរកដំណឹងកូនស្រី តាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយក្រោយមកក៏ទទួលបានដំណឹងអំពីកូនស្រីរបស់ពួកគាត់ ពីខាងមន្ទីរពេទ្យ បានបញ្ជាក់ថា នាងបានស្លាប់ហើយតាំងពីថ្ងៃទី២៦ មេសាម្ល៉េះ។
បើតាមការលើកឡើងគ្រូពេទ្យថា ពេលយុវតីនោះស្លាប់ដោយសារពុំឃើញមានសាច់ញាតិ សពមិនអាចទុកយូរបានទ្បើយ ខាងក្រុមគ្រូពេទ្យ ក៏សម្រេចយកទៅបូជានៅខេត្តកំពង់ស្ពឺ រួចយកធាតុមករក្សាទុកនៅមន្ទីរពេទ្យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយទទួលដំណឹងនេះភ្លាម ក្រុមគ្រួសារសាច់ញាតិយុវតីខាងលើ បានទំនាក់ទំនងទៅកាន់គ្រូពេទ្យ ដើម្បីមកទទួលយកធាតុកូនស្រីរបស់ពួកគាត់ យកទៅធ្វើបុណ្យ ដោយអារម្មណ៍ស្ងាប់ចិត្ត៕