សង្គម

ក្រោយ​សង់​របង​រំលោភ​យក​ដី​ស្រះ ម៉ុង ឬទ្ធី ឥឡូវនេះ ធ្លាយ​រឿង​ម្ចាស់ហាង​ខារ៉ាអូខេ​រឹតតែ​ស្រស់ សង​របង​រំលោភ​យក​ដី​ព្រែក​ទៀត​

បន្ទាប់ពី​សង់​របង​ព័ទ្ធ​យក​ដី​ស្រះ​ដែល​ស្ថាបនា​ដោយ​លោក​ឧកញ៉ា ម៉ុង ឬទ្ធី រហូតដល់​អាជ្ញាធរ​ចុះ​មក​ទប់ស្កាត់ និង​វាយកម្ទេច​ចោល​វិញ​នោះ ឥឡូវនេះ ម្ចាស់ហាង​ខារ៉ាអូខេ​រឹតតែ​ស្រស់ ដែល​ស្ថិតនៅ​ភូមិ​ក្រាំងលាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ បាន​លេច​ធ្លាយ​នូវ​រឿងរ៉ាវ​សាងសង់​របង​រំលោភ​យក​ដី​ខ្នង​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​ថែម​មួយទៀត​ហើយ។

ខ្នង​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​ដែល​ម្ចាស់ហាង​ខារ៉ាអូខេ​នេះ​សង់​របង​រំលោភ​យក គឺ​មាន​ទទឹង ២ម៉ែត្រ និង​បណ្តោយ​ជាង ៤០ម៉ែត្រ ហើយ​បើ​យោង​តាម​កំណត់ហេតុ​របស់​អាជ្ញាធរ​ថា ម្ចាស់ហាង​រូប​នេះ​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​រំលោភ​យក​ដី​ប្រឡាយ​របស់​រដ្ឋ​មែន ហើយក៏​បាន​សន្យា​រថា​នឹង​រុះរើ​ដោយខ្លួនឯង​តាំងតែពី​ខែវិច្ឆិកា ឆ្នាំ២០១៩ម្ល៉េះ ប៉ុន្តែ​រហូតមកដល់​ពេលនេះ ម្ចាស់​ខារ៉ាអូខេ​ខាងលើ​មិនបាន​ធ្វើតាម​កិច្ចសន្យា​ឡើយ​ហើយ​ថែមទាំង​ផ្គើន​ក្រុម​អាជ្ញាធរ​ឃុំ​ថែមទៀត​ផង។

ពាក់​ពន្ធ័​ករណី​ខាងលើ​នេះ លោក កឹម ពន្លក មេឃុំ​រវៀង​បាន​ឲ្យដឹង​ថា មូលហេតុ​ដែល​ម្ចាស់​ខារ៉ាអូខេ​មិន​រុះរើ​របង​ដែល​សង់​យក​ដី​ប្រឡាយ​ទឹក គឺ​ម្ចាស់ហាង​រង់ចាំ​ម្ចាស់​របង​ស្ថានីយ៏​ទឹក​ស្អាត​នៅ​ជាប់គ្នា​ពី​ខាងកើត​នោះ​វាយ​ចេញ​ដែរ ទើប​ម្ចាស់ហាង​ខារ៉ាអូខេ​គេ​វាយ​ចេញ​ដូចគ្នា។

លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា រឿង​ម្ចាស់​របង​ទឹក​ស្អាត​នោះ លោក​កំពុង​ឆ្លង​ទៅ​ថ្នាក់លើ​ដើម្បី​ធ្វើ​កំណត់ហេតុ​ឲ្យ​រុះរើ​ចេញ​ដូចគ្នា ដោយ​លោក​មិន​ទុកឲ្យ​មានការ​ច្បាម​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​បាន​ជាដាច់ខាត។

ជា​ការ​កត់សម្គាល់​ឃើញថា បច្ចុប្បន្ន​នេះ​នៅ​ខេត្តតាកែវ មាន​សំណង់​គ្មាន​ច្បាប់​ជាច្រើន កំពុងតែ​ធ្វើសកម្មភាព​សាងសង់ ដូចជា​ការ​សង់​របង​រំលោភ​យក​ដី​ប្រឡាយ​ព្រែក អូរ ស្ទឹង ស្ថានីយ៏​ប្រេង​សង់​យក​ដី​ចំណី​ផ្លូវ ឃ្លាំង​សង់​នៅ​កណ្ដាល​បឹង ផ្ទះ​ជា​ប្រភេទ​សំណង់​រឹងមាំ​អាច​សង់​រំលោភ​ដី​បឹង ឬស្ទឹង​ជាដើម ដោយ​មិន​មាន​អាជ្ញាធរ​ហាមឃាត់​ឡើយ​៕