សង្គម

ពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ធ្វើដំណើរ​​កម្សាន្ត​ឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបិទបញ្ចប់បំរាមគោចរ

យោងតាម​របាយការណ៍​របស់ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភាកន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥ម៉ឺន២ពាន់៨៩១ នាក់ ដោយ​ចំនួននេះ​មាន​ការ​កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​ថ្លែងថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ មាន​ភ្ញៀវទេសចរសរុបប្រមាណ ១៣ម៉ឺននាក់ បាន​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋានទេសចរនានា​ក្នុង​ប្រទេស​កម្ពុជា។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់។

យ៉ាងណាក៏ដោយ បើតាម​លោករដ្ឋមន្រ្តីថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។ លោកថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន៕