អ្នកជំងឺកូវីដ១៩ម្នាក់នៅមន្ទីរពេទ្យហ្លួងម៉ែ បានសម្តែងនូវអារម្មណ៌ រំភើប និងកក់ក្ដៅជាខ្លាំង នៅពេលដែលខ្លួនបានឃើញរាល់សកម្មភាពការងាររបស់ក្រុមគ្រូពេទ្យ ដែលលះបង់ កំលាំងចិត្ត និងពេលវេលាជួបជុំគ្រួសារ ដើម្បីមកព្យាបាលអ្នកជំងឺ មើលថែអ្នកជំងឺ និងបញ្ចុកអាហារដល់អ្នកជំងឺ។
សំបុត្រនោះមានខ្លឹមសារថា “ជូនចំពោះ ក្រុមគ្រូពេទ្យ ហ្លួងម៉ែ
ជាដំបូង កូនសូនអរគុណដល់ (សម្តេចពុក ហ៊ុន សែន) ដែលបានបង្កើត (ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត TYDA) នេះឡើង ហើយក៏សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យ “ហ្លួងម៉ែ” ដែលបានលះបង់ កំលាំងកាយ កំលាំងចិត្ត និងពេលវេលា ជួបជុំគ្រួសារផ្ទាល់ខ្លួន ដើម្បីមកព្យាបាលអ្នកជំងឺ មិនត្រឹមតែព្យាបាលទេ ថែមទាំងមើលថែអ្នកជំងឺទៀតផង ព្រោះអ្នកជំងឺខ្លះ គ្មានអ្នកកំដរ មិនអាចហូបខ្លួនឯងបាន ក្រុមគ្រូពេទ្យបានដំថ្នាំ ក៏ដូចជាអាហារ មកបញ្ចុកពួកគាត់ផងដែរ។ អ្វីដែលពិសេស ជាងហ្នឹងទៅទៀត គឺក្រុមគ្រូពេទ្យបានជួយប្តូរខោទឹកនោម (សំអាតលាមក) អោយអ្នកជំងឹ ដែលមនុស្សមួយចំនួនមិនអាចធ្វើបាន។ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ រំភើប និងកក់ក្តៅជាខ្លាំង នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង”៕