បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត៧ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលមានភ្លៀងធ្លាក់ មានករណីរថយន្តបុកបន្តគ្នាចំនួន៣គ្រឿង នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺដំបូងកើតឡើងរវាងរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-5358 មានទិសដៅពីខេត្តព្រះសីហនុទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ណុប រៀន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកប៉ះជារថយន្ត ០១គ្រឿងទៀតម៉ាក LEXUS RX 300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2T-4688 ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បន្ទាប់មកក៍មានរថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AT-5358 ដែលមានទិសដៅស្របនឹងរថយន្ត LEXUS បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជ្រុលមកបុករថយន្ត LEXUS បន្ថែមទៀត។
ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ ណុប រៀន អ្នកបើកបររថយន្ត SSANGYONG រងរបួសមធ្យម ។ ចំណែកអ្នកបើកបររថយន្ត LEXUS បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕