សង្គម

កំឡុងផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សមត្ថកិច្ច​បង្រ្កាបអាល់កុលក្លែងក្លាយជាង​៤០តោន

កំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អាល់កុលក្លែងក្លាយ ចំនួន ៤០,៦២៥លីត្រ​ ប្រមាណជាង៤០តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបជាបន្តបន្ទាប់តាមបណ្តារាជធានី ខេត្តមួយចំនួន។

បើតាម ក.ប.ប ថា ការ​បង្រ្កាប​ទាំងនេះ គឺធ្វើ​ឡើ​ងតាម​រយៈ (Market Intelligence) ដោយប្រើរូបភាពការបញ្ជាទិញអាល់កុលដែលដាក់លក់លើបណ្តាញសង្គម Facebook យកមកធ្វើតេស្តនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសាធាតុមេតាណុល ដែលក្លែងបន្លំជាអាល់កុល ដើម្បីកំណត់អត្តសញ្ញាណ និងឈានដល់ការបង្ក្រាប។

ជាក់ស្តែង ទីតាំងលក់អាល់កុល Online មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ស្នើសុំគោលការណ៍ឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយករថយន្តមន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ដោយសហការជាមួយអាជ្ញាធរខណ្ឌដង្កោផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបនៅទីតាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញវត្តមានអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល បានចំនួន ១៨៣កាន ស្មើនឹង ៥,៤៩០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្តតាមនីតិវិធីច្បាប់។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏​បាន​អំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕