ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបាននាំក្មេងៗនិងទារកសរុប៦នាក់ឲ្យមកដើរសុំទានគេនៅតាមស្តុប ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យដែលជាមេខ្យល់នាំក្មេងៗមកដើរសុំទាននេះ ត្រូវបានបញ្ជាក់ថា ទី១. ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ និងទី២. ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។
ជាមួយគ្នាកម្លាំងក៏បានសង្គ្រោះកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះទារកចំនួន ០២នាក់ប្រុស ហើយបច្ចុប្បន្នបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕