យោងតាមពាក្យបណ្តឹងដែលបានដាក់ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ កញ្ញា មាន ពេជ្ររីតា អាយុ២០ឆ្នាំ ដែលជាពិធីការិនីនៅសស្ថានីយ៍ទូរទស្សន៍ MY TV បានប្តឹងលោកឧកញ៉ា ហេង សៀ ថា បានប៉ុនប៉ងរំលោភសេពសន្ថវៈ លើរូបនាងលើរថយន្ត។
ជាការកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ហេង សៀ បានប្តឹងសមត្ថកិច្ចថា នាង មាន ពេជ្ររីតា បានលួចទូរស័ព្ទដៃ និងប្រើហង្សាបណ្តាលឲ្យលោកឧកញ៉ារងរបួស ហើយសមត្ថកិច្ចក៏បានមកចាប់ខ្លួននាងដល់ផ្ទះថែមទៀត។
តែបើតាមពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បានរៀបរាប់ថា នាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ ដែលបន្ទាប់ពីនោះ ឧកញ៉ាតែងបានទំនាក់ទំនងនាងតាម Telegram។
កញ្ញា បានរៀបរាប់បន្តថា «តែអំឡុងពេលនោះ គាត់បានលួងលោម ឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគាត់និយាយថា គាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ទេ អាចរកលេខឱ្យបាន ហើយគាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើនទៅលើគាត់ដែរព្រោះគាត់មានវ័យចំណាស់គួរឱ្យគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ»។
នាងរៀបរាប់បន្ថែមថា នៅក្នុងការទំនាក់ទំនងនេះ ឧកញ៉ា ហេង សៀ បានផ្ញើលុយឱ្យនាងតាម គណនី ABA ចំនួន៥លើកសរុបប្រមាណជិត១ពាន់ដុល្លារ ប៉ុន្តែនាងអះអាងថា ខ្លួនបានបដិសេដមិនទទួលលុយនោះទេ ដោយសំអាងថា មានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជាបន្តបន្ទាប់ទៀត។ កញ្ញាបានបញ្ជាក់បន្ថែមថា៖ «ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តរំខានរហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ»។
កញ្ញា ពេជ្ររីតា បានរៀបរាប់ទៀតថា រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល បានទូរស័ព្ទ ឧកញ៉ា ហេង សៀ បានទូរស័ព្ទមកមកនាង ដោយប្រាប់ថាចង់ជួបនាង ហើយចង់ឱ្យអ៉ីវ៉ាន់មកនាងមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ១៩ គាត់បានឱ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំនាងឱ្យចូលក្នុងឡាន។
នាងរៀបរាប់បន្ថែមថា «គាត់ថាឱ្យចូលឡានសិន មកដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដ ហើយចាំបាច់ត្រូវនិយាយជាមួយនាង ខ្ញុំ ក៏នាងខ្ញុំចូលក្នុងនឹកឃើញថា ពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញ ពេល នៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាបអង្អែលភ្លៅ និង ប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។ គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធមិនឱ្យ គាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំងការពារកូរឹតមក គាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ ហើយ ចង់យកនាងខ្ញុំទៅផ្ទះសំណាក់។ ពេលនោះនាងខ្ញុំបានប្រាប់គាត់ថាសូមកុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើ ឡានសូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់បានប្រាប់ថាគាត់មានកាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មារតី និងស្លន់ស្លោខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡាន បាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់ គាត់មកចាប់សម្លប់លើរូបនាងខ្ញុំ។ ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងមិច ក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ចេញ ហើយពេលនោះដៃនាងខ្ញុំមិនមានកាន់របស់អ្វីទេ ដៃទទេសុទ្ធ ហើយនាងខ្ញុំបានបើកទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិតភ័យបំផុត។ ប្រសិននាងខ្ញុំមិនអាចបើកទ្វារឡានចេញបានទេ គាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្ដង ពីព្រោះនាងខ្ញុំបាន ភ័យតត់ស្លុត ខ្លាចអាចកាត់សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃ ឬរើបម្រាស់នោះឡើយ ។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយឱ្យដឹងរឿងនេះទេ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត»។
កញ្ញា មាន ពេជ្ររីតា មានការភ្ញាក់ផ្អើល ដោយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នគរបាលខណ្ឌទួលគោក បានទៅជួបនាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាង ទៅកាន់អធិការដ្ឋានដោយមិនដឹងមូលហេតុ ព្រមតាំងបានឃុំខ្លួននាង រយៈពេល២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយនាងអះអាងថា «មិនបានលូចអ្វី របស់អ្នកណាឡើយ»។
នាងបានទាមទារឲ្យលោកព្រះរាជអាជ្ញាជួយរកយុត្ថិធម៌ដល់រូបនាង ព្រោះថា នាងទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំង ចំពោះការចោទនាងថា បានលួចទូរស័ព្ទ និងបានបង្កឲ្យមានរបួស ហើយថា នាងធ្វើគឺនាងបានរុញដៃរបស់គាត់មិនឱ្យបំពានមកលើរូបរាងកាយខ្លួនដែលជាស្ត្រីទុនខ្សោយ ដើម្បីការពារសុវត្តិភាព ព្រោះគាត់មានកាំភ្លើង ហើយនាងគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះតែប៉ុណ្ណោះ៕