សង្គម

រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការ បញ្ចេញឈ្មោះ ព្រមទាំងបិទអាជីវកម្មណា​ ដែលមិន​បានបង់ថ្លៃសំរាម

រដ្ឋបាលរាជធានីភ្នំពេញ​បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួនថា កន្លងមក​មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់រឹង ក្រោយ​ពី​ខ្លួន​បាន​ចាប់​ផ្តើម​អនុវត្ត​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​ក្នុង​ដំណាក់កាលអន្តរកាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប៉ុន្តែ​ក៏​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួនទៀត​មិន​ទាន់បាន​បំពេញ​កាតព្វកិច្ច​នេះ​នៅ​ឡើយ។

យ៉ាងណាក៏​ដោយ រដ្ឋបាល​រាជធានីភ្នំពេញ​ក៏​ស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់បាន​បង់ថ្លៃសេវា​ប្រមូលសំរាម សូម​រួសរាន់មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាមឲ្យ​បានទាន់ពេលវេលា ហើយ​ថា បើពុំនោះទេ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ចាត់វិធានការ​មួយ​ចំនួន ដូចជា៖

១. បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

២. កត់​ត្រា​ជា​បំណុល​ ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល​ ដោយ​បិទ​អាជីវកម្ម​ ឬ​សេវាកម្ម​បណ្ដោះ​អាសន្ន​

៣. អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់​។​