សង្គម

យុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋ​រស់នៅតំបន់ក្រហម​ក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមហើយ

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២១នេះ ក្រុមគ្រូពេទ្យរបស់កងទ័ព បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជធានីភ្នំពេញហើយ។

តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣សង្កាត់។

លោក​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឲ្យ​ដឹងថា ក្នុងតំបន់ក្រហម ដែលមាន​ខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣នាក់។ តែមានប្រជាពលរដ្ឋប្រហែល ២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល ១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។

ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះមានចំនួនប្រមាណ ៤៧១,៥៧៣នាក់។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងកាលពីថ្ងៃម្សិលមិញថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ ពោល​គឺត្រឹមខែឧសភានេះ ត្រូវ​បញ្ចប់ការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២សម្រាប់តំបន់ក្រហម​ឲ្យ​រួចរាល់៕