តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះបានឲ្យដឹងថា ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ ថ្ងៃទី២ ខែមិថុនា។
ក្នុងនោះខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងពីតិចទៅបង្គួរ ដោយឡែកបណ្តាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។
សម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់សាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានជាយថាហេតុ៕