មន្ត្រីយោធាពាក់ផ្កាយ ២ លោក ស៊ុំ ពៅ ដែលមានតួនាទីជាអនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា គាត់បានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធជនជាតិចិនចំនួន ២៨ នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង៕