សង្គម

ខេត្តបាត់ដំបង ហាមឃាត់ការធ្វើដំណើរចេញចូលខេត្ត​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ មេសា

អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញនេះ បានដាក់ចេញនូវបទបញ្ជា ដោយ​ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូលខេត្តបាត់ដំបងជាបណ្តោះអាសន្នរយៈពេល​៨ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១។

ការបិទមិន​ឲ្យ​មានការធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបងនេះ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយការហាមឃាត់នេះ ក៏​បានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ, ការធ្វើដំណើររបស់មន្រ្តីរាជការសាធារណៈ, ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ, រថយន្តសង្រ្គោះបន្ទាន់, រថយន្តពន្លត់អគ្គិភ័យ, រថយន្ត​បម្រើសេវាដឹកជញ្ជូនសំរាម, ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ, ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ និងការធ្វើដំណើរដោយមូលហេតុចាំបាច់។