សង្គម

សូមប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និង​រលក​សមុទ្រខ្ពស់ ដែលអាចកើតមានពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា

ក្រសួងធនធានទឹក និង​ឧតុនិយម នៅថ្ងៃនេះ បានស្នើ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​មេត្តាប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និង​រលកសមុទ្រ​ខ្ពស់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២១។

តាមការបញ្ជាក់របស់ក្រសួងធនធានទឹកថា បច្ចុប្បន្ននេះមានជ្រលង​ នៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើន​ឥទ្ធិពលគ្របដណ្តប់​មក​លើប្រទេសកម្ពុជា ជាមួយ​នឹង​ខ្យល់ប្រែប្រួល បក់​មក​ពីភាគ​ខាងត្បូង និង​ភាគ​អាគ្នេយ៍។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅតំបន់វាល​ទំនាប​កណ្តាល អាចមានភ្លៀងធ្លាក់រាយប៉ាយ​ក្នុងកម្រិត​ខ្សោយ​ទៅបង្គួរ, ក្នុងនោះ​ក៏មានផ្នែកមួយចំនួន នៃបណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ពាយ័ព្យ មានភ្លៀងធ្លាក់ច្រើន។

ដោយឡែកបណ្តាខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ។

សម្រាប់តំបន់មាត់សមុទ្រវិញ នឹងអាច​មាន​ភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន៕