សង្គម

អភិបាលរាជធានីភ្នំពេញណែនាំអភិបាលខណ្ឌទាំងអស់តាមដានបណ្តាញសង្គម ពិនិត្យមើល​ការ​ដង្ហោយរកជំនួយពីប្រជាពលរដ្ឋដែលខ្វះខាត

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឲ្យ​ដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យ​បញ្ចេញអង្ករចំនួន១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត នៅក្នុងមូលដ្ឋាន។ ជា​មួយគ្នានេះ លោកអភិបាលក្រុង​ក៏បានណែនាំឲ្យ​អភិបាលខណ្ឌទាំងអស់ តាមដានឲ្យ​ជាប់ជាប្រចាំលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីពិនិត្យ​​មើលការដង្ហោយ ហៅរកជំនួយពីសំណាក់ប្រជាពលរដ្ឋ ដែលខ្វះខាត។

តាមការបញ្ជាក់របស់លោកអភិបាលរាជធានីភ្នំពេញ អង្ករដែលជាអំណោយរបស់សម្តេច ហ៊ុន សែន ប្រមាណ ១៤០តោននេះ នឹងដឹកទៅកាន់ខណ្ឌទាំង១៤ ដោយ ក្នុងមួយខណ្ឌចំនួន១០តោន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះដើម្បីទុកឱ្យអភិបាលខណ្ឌយកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ៕