កាលពីវេលាម៉ោងប្រមាណជិត១២យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចដែលឈរជើងនៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង និងរតនគិរី និងអាជ្ញាធរស្រុកកូនមុំ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រថយន្តសាម៉ុយដឹកមនុស្សពីរាជធានីភ្នំពេញ មកកាន់ខេត្តរតនគិរី។
ជនសង្ស័យបានប្រើប្រាស់រថយន្តសាមុយពាក់ស្លាកលេខ ភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ដោយធ្វើដំណើរមកកាន់ខេត្តរតនគិរី។
ជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជាក់ថា
1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ
2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។
3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។
យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាឲ្យដឹកមនុស្ស២នាក់ គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ៦០០ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុង ក៏ឃាត់ឲ្យត្រឡប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។
បច្ចុប្បន្ន អ្នកទី១ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ ហេីយជនទី៣ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំដេីម្បីធ្វេីចត្តាឡីស័កផងដែរ៕