យុវជនអាយុ១៩ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការហើយ ក្រោយពីមិនព្រមស្តាប់សមត្ថកិច្ច ហើយបានបើករថយន្តបុកសមត្ថកិច្ចដែលកំពុងអនុវត្តវិធានការបិទខ្ទប់បណ្តាលឲ្យបាក់ជើង។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាន ព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យមានឈ្មោះ បាន ម៉េងហួ អាយុ១៩ឆ្នាំ មានមុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ ស.ស.រ ស្តីពីការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះ ជាអធិការរង បានឃាត់សួរនាំ រកលិខិតអនុញ្ញាតចេញចូលឃើញថា ពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនសង្ស័យ បើករថយន្តត្រឡប់ទៅក្រោយវិញ តែជនសង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុក ជនរងគ្រោះឲ្យដួល កិនជើងជនរងគ្រោះបណ្តាលបាក់ឆ្អឹងស្មងជើង និង ប្រេះប្រអប់ជើងស្តាំ រួចជនសង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងរថយន្តម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕