តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា មានជ្រលងសម្ពាធទាបឥណ្ឌា ជាមួយនឹងខ្យល់អាគ្នេហ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា ដែលវានឹងធ្វើឲ្យតំបន់មួយចំនួននឹងធ្លាក់ភ្លៀង។
ក្នុងនោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ ដោយមានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគខាងត្បូងនិងភាគពាយ័ព្យអាចមានភ្លៀងច្រើន។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
ហើយសម្រាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៕