សង្គម

ក្រសួងសុខាភិបាលប្រកាសពីអ្នកស្លាប់ទី៣០ ដោយសារជំងឺកូវីដ​១៩​

នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១ អ្នកជំងឺកូវីដ​១៩​ម្នាក់ទៀត​បានស្លាប់​នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលធ្វើ​ឲ្យ​កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ​១៩ កើនដល់ ៣០នាក់ហើយ។

អ្នកជំងឺកូវីដ​១៩ដែលស្លាប់កាលពីយប់មិញ ជាស្រ្តីជនជាតិខ្មែរ មានអាយុ ៦១ឆ្នាំ ត្រូវ​បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទីយប់។

ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៨៖៣០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕