ក្នុងសេចក្តីថ្លែងសារពិសេសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងជួយបង់ជំនួសថ្លៃទឹក និងភ្លើង រយៈពេល៥ខែ ក្នុងកម្រិតសមរម្យមួយ ដល់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
ក្នុងនោះដែរ កន្លងកក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល ព្រមទាំងអង្ករចំនួន១០០គីឡូក្រាមផងដែរ។
ដោយឡែកសម្រាប់អ្នកជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក ថ្លៃភ្លើងចំនួន៣ខែ ។
សម្រាប់គ្រួសារដែលធ្វើចត្តាឡីស័ក រដ្ឋនឹងជួយឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងជួយបង់ថ្លៃទឹកភ្លើង កម្រិតអប្បបរមា រយៈពេល២ខែ។ ហើយករណីធ្វើចត្តាឡីស័កនៅតំបន់បិទខ្ទប់ រដ្ឋនឹងផ្តល់បន្ថែមអង្ករក្នុងមួយគ្រួសារ ២៥គីឡូក្រាម មីមួយកេស និងត្រីខ ២០កំប៉ុង៕