យ៉ាងហោចណាស់ក៏មានសង្កាត់ចំនួន៥ នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៣របស់រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទខ្ទប់កាលពីយប់មិញ ដោយសារតែតំបន់ទាំងនោះ មានការឆ្លងរាលដាលជំងឺកូវីដ១៩។
តំបន់ដែលត្រូវបានរាំងខ្ទប់នោះរួមមាន៖ ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និង ភូមិចំការឳឡឹក២ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និង ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តំបន់ទាំងនោះត្រូវបានរាំងខ្ទប់រយៈពេល២សប្តាហ៍ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបនៅក្នុងតំបន់ទាំងនោះ ត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចជាធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយលិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម, ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច ហើយធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន២នាក់ក្នុងមួយលំនៅឋាន ឬទីសំណាក់ មិនឲ្យលើស២ដងក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់៕