សង្គម

ក្រសួង​សុខ​ភិ​បាល ប្រកាស​ពី​ករណី​ស្លាប់​បុរស ២​នាក់ ដោយសារ​ជំងឺ​កូ​វីដ​-១៩

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅព្រឹកថ្ងៃទី៨ ខែមេសា នេះថា មាន​មនុស្ស​ចំនួន២នាក់ទៀត​បានស្លាប់​ដោយសារ​ជំងឺកូវីដ​១៩ ក្នុងនោះ ម្នាក់ជាបុរស​អាយុ ៦៨ឆ្នាំ រស់​នៅសង្កាត់ស្ទឹងមានជ័យ និង​ម្នាក់ទៀត ជាបុរស​អាយុ​៤៩ឆ្នាំ រស់​នៅសង្កាត់ស្ទឹងមានជ័យដូចគ្នា។

តាមការ​បញ្ជាក់របស់ក្រសួងសុខាភិបាល បុរសអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត។

ចំណែកបុរស​អាយុ៤៩ឆ្នាំ បានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត៕