សង្គម

នាវា​ចម្បាំង​​ដែល​លិច​ក្នុង​ទន្លេ​មេគង្គ​នៅ​ស្រុក​ស្រីសន្ធរ​ កាលពីសម័យ​សង្រ្គាម ត្រូវ​​ស្រង់​ចេញ​ពី​ទឹកហើយ

នាវាចម្បាំងដែល​គេ​សន្និហ្មត់ថា បាន​លិច​ក្នុង​សម័យ​សង្រ្គាម​កំឡុង​ឆ្នាំ​១៩៧០-១៩៧៥ ស្ថិត​នៅ​ក្នុង​ទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ឥឡូវ​នេះ ត្រូវ​គេ​ស្រង់​ចេញ​ពីទឹក​អស់​ហើយ។

បើតាម​ការ​បញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមថា នាវានេះជាប្រភេទនាវា ដឹកសម្ភារសឹក មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ។

គិតចាប់តាំងពីចុងខែតុលា ឆ្នាំ២០២០ ដែលប្រតិបត្តិការ​រុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ ក្នុង​បាតទន្លមេគង្គដែល​នាវា​នេះបានលិច ​គេ​បានរកឃើញ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលមានទម្ងន់ប្រមាណជាង១៥តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារៈសឹកមួយចំនួនទៀត៕