បុរសវ័យ២១ឆ្នាំម្នាក់បានស្លាប់ ក្រោយពីច្រាំងអូរបាក់សង្កត់លើ ខណៈកំពុងរាវរកត្រីក្នុងអូរដោយមិនដឹងខ្លួន។ ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប
ជនរងគ្រោះត្រូវបញ្ជាក់ថា មានឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមសម្តីរបស់ឪពុកជនរងគ្រោះថា មុនពេលកើតហេតុគាត់បាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១:៣០នាទីរសៀល។ លុះដល់ម៉ោង៥:៣០នាទីល្ងាច កូនរបស់គាត់បានយកសំណាញ់ទៅគ្របនៅនឹងច្រាំងអូរក្រោមគុម្ព ឬស្សី ចំណែកគាត់ក៏នៅក្បែរនោះដែរ។ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់គាត់ តែម្តង។
ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្នុងទឹក គាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច និង បានហៅអាអ៊ិច (អេស្កាវ៉ាទ័រ) មកកាយយកកូនរបស់គាត់ចេញពីក្នុងទឹក តែកូនរបស់គាត់បានស្លាប់បាត់ទៅហើយ៕