សង្គម

ឃាត់ខ្លួន​មនុស្ស​ជំនិតឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង​ រួម​ជាមួយ​មេធាវី ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ

បើ​យោង​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​ឲ្យដឹងថា​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បានឃាត់ខ្លួនលោក ហ៊ឹ​ន ត្រឹង ហៅ​វ​ណ្ណា​ ដែលជាអ្នកមានជំនាន់ថ្មី​នៅខេត្ត​ព្រះសីហនុ​ រួម​ជាមួយ​មេធាវី និង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​ន ទី បានបញ្ជាក់ទៀត​ថា ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ និង​ជា​អ្នកបំរើ​ការងារ​ឲ្យ​​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ផ្សេង​ទៀត បាន​និង​កំពុង​ឃាត់ខ្លួន​សាកសួរ​ទៅ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ ០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជាប់ ពាក់ព័ន្ធ​ករណី ឆបោក​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​កំហែង​យក ដោយ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​។

ដោយឡែក​បើ​តាម​ប្រភពព័ត៌មាន​​ពី​អ្នក​ស្និទ្ធស្នាល​ម្នាក់​ ជាមួយនឹង​លោក​ឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង ក៏បានលួចបង្ហេីបប្រាប់​ថា ជនសង្ស័យ​ខាងលើឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា គឺជា​អ្នកបំរើ​ការងារឲ្យលោក​ឧកញ៉ា លឹម ហ៊ុយ​ឡេ​ង ពិតជាត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ប្រាកដមែន; នេះហើយ​ជាដូចពាក្យចាស់ថា៖ កូន​ឆ្មា​ចង់ស៊ី​មេខ្លា (​ឆ្លងស្ពាន​រួច រុះ​ស្ពាន​ចោល​)​។

គួរបញ្ជាក់ថា​ ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា មុនពេល​សមត្ថកិច្ច​ឃាត់ខ្លួនតែងតែ​តាំងខ្លួន​ឯងជា ឧកញ៉ា ដូររថយន្តទំនេីបគ្រប់​សេរី ហេីយ​ថ្មី​ៗនេះ​ទើប​ទិញរថយន្ត​ស៊េរីឆ្នាំ​២​០២១​ថែម​មួយ​គ្រឿង​ទៀត ប៉ុន្តែ​មិន​ទាន់​តែ​បាន​ជិះ​ក្តៅ​គូទ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅ​បណ្ដោះ​អាសន្ន​នៅទីបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។

ជាមួយ​គ្នា​នោះ​ មន្រ្តី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក៏​បានចេញលិខិត​មួយ​ច្បាប់​ បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​គោរព​ស្នើ​ទៅ​លោក​អភិបាលខេត្ត​ សុំ​ពិនិត្យ និង​យក​សំណាក​លើ​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​៕