សង្គម

រកឃើញ​ករណីរំលោភដីរដ្ឋចំនួន៣ទីតាំងក្នុងស្រុកស្រែអំបិល

អាជ្ញាធរខេត្តកោះកុងកាលពីពេលថ្មីៗនេះ បាន​ចុះពិនិត្យទិដ្ឋភាពជាក់ស្តែង លើបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋចំនួន០៣ ទីតាំងនៅស្រុកស្រែអំបិល រួមមាន៖ ១.ទីតាំងដីស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង, ២. ទីតាំងដីស្ថិតនៅឃុំជ្រោយស្វាយ (តំបន់សហគមន៍ត្រពាំងព្រិះ) និង ៣.ទីតាំងដីស្ថិតនៅភូមិទឹកប៉ោ ឃុំបឹងព្រាវ ។

លោក អេង ចន្ទភារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម ចំពោះបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋចំនួន០៣ ទីតាំងខាងលើ ឃើញថា ត្រង់ចំណុចទីតាំងទឹកប៉ោង ពិតជាមានការឈូសឆាយជាក់ស្តែង ប្រមាណជា៥ហិកតា ចូលក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដោយឡែកពីរទីតាំងផ្សេងទៀត លោកនៅពុំអាចធ្វើការសន្នដ្ឋានបានទេ ដោយរងចាំខាងស្រុកនិងជំនាញធ្វើការវាស់វែង ចុចនិយាមការ ចេញរបាយការណ៍បញ្ជូនមកសិន ទើបអាចចាត់វិធានការតាមនីតិវិធីច្បាប់ទៅបាន។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏​បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរអង្គភាពជំនាញ ទប់ស្កាត់ តាមដាន ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កុំឲ្យកើតមានឡើងបន្តទៀត៕