តាកែវ៖ ក្រុមមន្រ្តីដែលបម្រើការងារនៅក្នុងការិយាល័យសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាស្រុកព្រៃកប្បាស បានសម្តែងការប្រតិកម្មចំពោះក្រុមហ៊ុនផលិតទឹកស្អាតឈ្មោះឡាយឡងឌី ដោយថា ការិយាល័យនេះមិនបានប្រើប្រាស់ទឹកអស់រយៈពេល៣ខែមកហើយ សម្រាប់តែថ្មីៗនេះ ក្រុមហ៊ុនចេញវិក័យបត្រឲ្យបង់៨១គីបទៅវិញ។
ក្រុមន្ត្រីរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនបានខកខានមិនចេញវិក័យបត្រឲ្យពួកគាត់អស់រយៈពេល២ខែមកហើយ គឺខែមករា និងខែកុម្ភៈ ក្រោយពីពួកគាត់បានជូនដំណឹងទៅក្រុមហ៊ុនទឹកថា ពួកគាត់ឈប់ប្រើប្រាស់ទឹកទៀតហើយ, ស្រាប់តែនៅចុងខែមីនានេះ មិនដឹងជាក្រុមហ៊ុនទើបងើបពីស្រវឹង ឬយ៉ាងណាទេ ស្រាប់ចេញវិក័យឲ្យពួកគាត់បង់លុយទឹកចំនួន ៨១គូប ដែលគិតជាលុយចំនួន ២០២៥០០រៀល។
ពួកគាត់និយាយថា នេះពួកគាត់ជាមន្រ្តីផង ក្រុមហ៊ុនហ៊ានចេញវិក័យត្រទារលុយស្រស់ៗខណៈដែលមិនបានប្រើទឹកសោះ ចុះទំរាំប្រជាពលរដ្ឋធម្មតា តើក្រុមហ៊ុនស៊ីយ៉ាងម៉េចវិញទៅ?
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីក្រុមហ៊ុនទឹកស្អាតឡាយឡងឌី បានថ្លែងថា បើសិនជាវិក័យបត្រ័របស់ក្រុមហ៊ុនមិនត្រឹមត្រូវ ហេតុអីបានជាអ្នកដែលទទួលវិក័យបត្រ័ពីក្រុមហ៊ុនមិនព្រមមកធ្វើការតវ៉ា?
យ៉ាងណាក៏ដោយ ចំពោះករណីក្រុមហ៊ុនទឹកស្អាតចេញវិក័យបត្រឲ្យអតិថិជនបង់លុយ ខណៈមិនបានប្រើប្រាស់នេះ អាជ្ញាធរនៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ៕