បន្ទាប់ពីមានការតវ៉ាដោយចតរថយន្តបិទផ្លូវចូលស្ថានីយថ្លឹងរថយន្តកូនដំរីពីសំណាក់រថយន្តដឹកទំនិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នោះ នៅថ្ងៃទី១ មេសា ម្សិលមិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយឆ្លើយតបនឹងការតវ៉ានោះ។
ការតវ៉ា និងចតរថយន្តបិទផ្លូវចូលស្ថានីយថ្លឹងរថយន្តពីសំណាក់រថយន្តម៉ាក NISSAN DIESEL (V1) ពាក់ស្លាកលេខ បាត់ដំបង 3A1526 ពណ៌ស របស់ក្រុមហ៊ុនដឹកជញ្ជូនឥន្ទ្រីស ដែលបានចូលថ្លឹងមានទម្ងន់សរុប ៤៥,០២០គីឡូក្រាម លើស៥តោន និង២០គីឡូក្រាម ដែលច្បាប់អនុញ្ញាតត្រឹមតែ៤០តោន ប៉ុណ្ណោះ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយសារអ្នកបើកបរមិនបានគោរពទៅតាមផ្លាកសញ្ញាកំណត់ល្បឿន ៥km/h នៅក្នុងស្ថានីយថ្លឹងរថយន្ត និងអ្នកបើកបរមិនបានសហការជាមួយមន្ត្រីដែលប្រចាំនៅក្នុងស្ថានីយក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ។
ក្រៅពីនោះ ក្រុមហ៊ុនដឹកជញ្ជូនឥន្ទ្រីសខាងលើមិនបានអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមា និងកម្រិតអនុគ្រោះមិនលើស ៥ភាគរយ តាមប្រភេទរថយន្តទេ គាត់នៅតែយល់ថា កម្រិតអនុគ្រោះគឺ ក្រោម ៥តោន។ ដូចនេះ មន្ត្រីនៃស្ថានីយជញ្ជីងអចល័តកូនដំរីខេត្តបន្ទាយមានជ័យ បានអនុវត្តការងារដោយគោរពតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិជាធរមានដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។