លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ។
បម្រាមគោចរ ដែលបានផ្អាក ការលក់ដូរ និងធ្វេីដំណេីរបណ្តោះអាសន្ន ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ លេីកលែងតែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបម្រាមនេះ។
ក្រៅតែពីដកហូតមធ្យោបាយធ្វើដំណើរហើយ អ្នកបំពាននោះ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លួនថែមទៀត ហើយអាជ្ញាធរមូលដ្ឋាននឹងតាមដាន ហើយក្នុងករណីមិនព្រមធ្វើចត្តាឡីស័កទៀត នឹងទទួលការផាកពិន័យតាមច្បាប់តែម្ដង៕