រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយផ្អាកនូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ។ល។ ដែលទទួលអតិថិជនចូលមកទទួលទាននៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ជាកំហិត ប៉ុន្តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន ដោយគិតចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឲ្យផ្អាកផងដែរ នូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ ដោយលើកលែងតែចំពោះករណីការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសព, ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកវត្ថុសំណាក, ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច, ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីផ្អាកអាជីវកម្ម និងការជួបជុំហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសឲ្យផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ ដោយលើកលែងចំពោះ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត, ការធ្វើដំណើររបស់បុគ្គលិកពេទ្យ មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន អង្គភាព, ការធ្វើដំណើររបស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន, ការធ្វើដំណើររបស់បុគ្គលិក និងកម្មករកម្មការិនី ទៅកន្លែងបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យប់កដំណើរការជាធម្មតា និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។