សង្គម

ឈ្មួញនាំជ្រូកចូលពីប្រទេសថៃ កៀងគរប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​តវ៉ា ខណៈសមត្ថកិច្ច​ធ្វើ​ការ​ទប់ស្កាត់

បើតាម​សេចក្តីរាយការណ៍​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​សត្វជ្រូក​មិន​តិច​ជាង​រយក្បាលទេ ត្រូវ​បាន​ឈ្មួញ​ម្នាក់ ដែល​គេស្គាល់ឈ្មោះថា តែ គឹម​ឡុង បានដឹក​ដោយ​​ខុសច្បាប់ ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជាតាម​ច្រក​អូរ​បី​ជាន់ និង​ច្រករបៀង​ផ្សេងៗ ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ពុំមាន​លិខិតអនុញ្ញាត គ្មាន​ការត្រួតពិនិត្យ និង​ពុំមាន​លិខិតបញ្ជាក់​សុខភាព​សត្វឡើយ។​

តែបន្ទាប់ពីមានការរឹតត្បិតចំពោះការនាំចូលសត្វជ្រូកនេះពីសំណាក់សមត្ថកិច្ច​ជំនាញ ស្រាប់តែឈ្មោះ តែ គឹម​ឡុង បាន​កៀរគរ​ប្រជាពលរដ្ឋ ដែលជា​អ្នកទិញ​ជ្រូក ពី​ក្រុម​ខ្លួន និង អ្នកភូមិ​ផ្សេងៗ​ទៀតឲ្យ​ទៅធ្វើការ​តវ៉ា នៅ​សាលាឃុំ​អូរ​បី​ជាន់ ដើម្បី​តវ៉ា​ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព ទប់ស្កាត់ និង ឃាត់​ការនាំ​ជ្រូក​ចូល ដោយ​ខុសច្បាប់ ទាំងនោះ ។​

ចំពោះករណីនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រឿង​អាជីវករ តវ៉ា​ជា​សិទ្ធិ​របស់គាត់ តែ​ខាង​ជំនាញ ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ នៅតែ​បន្ត​អនុវត្ត​នីតិវិធី​ច្បាប់ និង​បច្ចេកទេស ទប់ស្កាត់​ការឆ្លង​ជំងឺប៉េស្ត ជ្រូក​អាហ្វ្រិក ព្រោះថា បើ​មានការ​ផ្ទុះ​នូវ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើតឡើង នឹង​ធ្វើឱ្យប៉ះពាល់ ដល់​សេដ្ឋកិច្ច ។ ដូចនេះ មិន​ថា ការ​នាំចូល​លក្ខណៈ​គ្រួសារ ឬ ពាណិជ្ជកម្ម​ទេ​ត្រូវតែ​ត្រួត ពិនិត្យ​យក​សំណាក ទៅពិនិត្យ​ឱ្យ​ត្រឹមត្រូវ ដើម្បី​សុខុមាលភាព អ្នក​ទទួលទាន៕