បើតាមការបញ្ជាក់ របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ឲ្យដឹងថា នៅរសៀលថ្ងៃ ទី ៣១ ខែមីនា ស្អែកនេះ ក្រសួងយុត្តិធម៌នឹងធ្វើការប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ប្រមាណជាង៥រយនាក់ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។
បញ្ជីឈ្មោះទណ្ឌិតទាំងជាង៥រយនាក់នោះ ត្រូវបានដាក់ស្នើដោយគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់) និងសម្រាប់ការស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំ កម្ពុជាតែងតែធ្វើការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារចំនួន៥លើក ដូចជា១. ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ,២. ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ៣. ពិធីបុណ្យវិសាខបូជា, ៤.ពិធីបុណ្យឯករាជ្យជាតិ និង ៥. ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕