តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានបង្ហាញថា មានមនុស្សរហូតដល់ ១០៥នាក់បានឆ្លងវីរុសកូវីដ១៩ ដោយក្នុងនោះ ១០៤នាក់គឺជាករណីឆ្លងក្នុងសហគមន៍។
ករណីឆ្លងក្នុងសហគមន៍នៅថ្ងៃនេះ មានជនជាតិខ្មែរ៩៣នាក់, ជនជាតិចិន១០នាក់ និងវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តព្រៃវែង។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕