រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅព្រឹកថ្ងៃទី២១ ឧសភា នេះ ដោយទុករយៈពេល១ខែដល់ក្រុមហ៊ុនហាន់ស៊ីង ដែលទទួលខុសត្រូវស្ថាបនាផ្លូវជាតិលេខ២ រៀបចំឲ្យមានគ្រឿងចក្រ និងក្រុមអ្នកបច្ចេកទេស បើពុំនោះទេក្រសួងនឹងលុបចោលក្រុមមួយនេះ ហើយជ្រើសរើសក្រុមហ៊ុនផ្សេងមកជំនួសវិញ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែង លោក ព្រមទាំងក្រុមការងារ ក៏ដូចជាធនាគារកូរ៉េ មន្រ្តីស្ថានទូតជាដើម បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ ហើយឃើញថា គ្មានគ្រឿងចក្រមកធ្វើការឈូសឆាយស្ថាបនាផ្លូវជាតិមួយនេះឡើយ ខណៈដែលការបើកការដ្ឋានបានធ្វើឡើងអស់រាប់ខែមកហើយ។
សូមរំលឹកថា ផ្លូវជាតិលេខ២ – លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាដែលគ្រោងចំណាយជាង៥៦ លានដុល្លារ៕