លោក ខឹម មុនីកុសល ដែលជាមន្រ្តីសុខាភិបាលនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចបណ្តេញចេញពីក្របខណ្ឌ ក្រោយមហេតុផលថា មន្រ្តីរូបនោះបានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
ការបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្រ្តីសុខាភិបាលនេះ ត្រូវរកការរិះគន់យ៉ាងខ្លាំងពីមហាជនដែលប្រើប្រាស់បណ្តាញសង្គម ដោយអ្នកខ្លះថា វាគឺជារឿងអយុត្តិធម៌ ព្រោះតែមន្រ្តីរូបនេះគ្រាន់តែបង្ហាញអារម្មណ៍នឿយហត់របស់ក្រុមគ្រូពេទ្យ ដែលពុំមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ ក៏បានរិះគន់ដែរថា កំហុសត្រឹមប៉ុណ្ណឹង មិនគួរត្រូវដេញចេញពីក្របខណ្ឌនោះទេ ដោយត្រូវធ្វើការសួរនាំ និងពិន័យស្តីបន្ទោសជាមុនសិន។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក ខឹម មុនីកុសល បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា «បុគ្គលិកស្រី ត្រូវបានបងប្អូនយើងដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ ។ ពេទ្យប្រចាំការ តាមមណ្ឌលចត្តាឡីស័ក ធ្វើការដឹងតែមួយរយ ជំពូក នៅតែទទួលបានការប្រមាថបែបនេះទៀត ។ បាយមិនឆ្ងាញ់ បាយប្អូម បាយឆៅ… មិនមែនពេទ្យគួរទទួលខុសត្រូវផ្តាច់មុខ អ៊ីចឹង ទេ ។
ការងារចែកបាយក៏មិនគួរតែពេទ្យ ជាអ្នករ៉ាប់រងតែឯង ដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែកជួយ មិនមែន មកអង្គុយលេង Facebook ក្នុង តង់ និង ថតរូបបង្អួតគេទេ»៕