ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ស្រ្តីជនជាតិខ្មែរ អាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១១ និង៤៥នាទី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ១៩។
ស្រ្តីវ័យ ៦២ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ១៩, ដោយសារស្រ្តីខាងលើនេះមានស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្រ្តីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
សភាពអ្នកជំងឺនៅពេលនោះ មានហត់ខ្លាំង ហើយការថតសួត ក៏បានបង្ហាញនូវរូបភាពរលាកសួតស្រួចស្រាវទាំងសងខាងធ្ងន់ធ្ងរ (សឹងតែពេញផ្ទៃសួត) មានសញ្ញាស្ទះសរសៃឈាមបេះដូង ព្រមទាំងមានកង្វះអុកស៊ីហ្សែនក្នុងសួតខ្លាំង ហើយក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយដង្ហើម តែមិនជោគជ័យ ហើយក៏ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ីហ្សែនដកដង្ហើមនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ តែអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយគាត់បាន ដោយសារតែវីរុសកូវីដ១៩ បានវ៉ៃលុកសួតទាំងពីររបស់គាត់ធ្ងន់ធ្ងរមែនទែន និងលឿនពេកនោះ នៅវេលាម៉ោងប្រហែលជា ១១ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្រ្តីវ័យ ៦២ឆ្នាំនេះ ក៏បានធ្វើមរណកាលទៅ៕