ជីវិតកម្សាន្ត

ឧកញ៉ា ឌួង ឆាយ ប្រឈម​នឹង​ការបាត់ងារជា «ឧកញ៉ា»

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃនេះ បាន​ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី​ឧកញ៉ា ឌួង ឆាយ។

សូម​បញ្ជាក់ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្ទុះកក្រើកវីដេអូវាយប្រើអំពើហិង្សា ទៅលើអតីតភរិយា​របស់​ ឧកញ៉ា ឌួង ឆាយ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​សាធារណជន​។

ជាមួយគ្នានេះ ​ក្រសួងកិច្ចការនារី ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយា​​ផង​ដែរ។

ក្រសួងកិច្ចការនារី អះអាងថា អំពើហិង្សាគ្រប់ទម្រង និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕