រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត ២រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មានបុរសជនជាតិចិនម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បុរសជនជាតិចិនរូបនេះ អាយុ២៧ឆ្នាំ បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូមួយកន្លែង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជិត៩យប់ បុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, ដោយមានស្ថានភាពចុះខ្សោយពេក បុរសរូបនោះក៏ទទួលមរណភាព នៅវេលាម៉ោង ១៣ និង៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
តាមការពិនិត្យវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យបង្ហាញថា បុរសខាងលើមានជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ ព្រមទាំងឡើងជាតិស្ករខ្លាំង។
យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីបន្តនីតិវិធីហើយ៕