ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ។
ក្រសួងថា ក្នុងចំណោមអ្នកជំងឺទាំង៦៤នាក់ មានជនជាតិខ្មែរ ៣៩នាក់, ជនជាតិចិនចំនួន២៣នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកជំងឺទាំងនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តព្រៃវែង។
ចំណែកអ្នកជាសះស្បើយទាំង១១នាក់វិញ គឺជាជនជាតិចិន វៀតណាម និងខ្មែរ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕