អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅយប់ថ្ងៃទី៩ មីនា ថា មានមនុស្សចំនួន៩នាក់រស់នៅស្រុកល្វាឯម ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩។
យ៉ាងណាក៏ដោយ ក្រោយទទួលបានលទ្ធផលនេះ អភិបាលខេត្តកណ្តាលបានចាត់វិធានការស្រាវជ្រាវបន្ទាន់ និងកំណត់មុខសញ្ញា ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
ចំពោះអ្នកជម្ងឺកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ។
ជាមួយគ្នានេះដែរ ដើម្បីគ្រប់គ្រងសភាពការណ៍ លោកអភិបាលខេត្តបានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម៕